John 15

ព្រះយេស៊ូជា​ដើម​ទំពាំង​បាយជូរ​ពិត​

1ខ្ញុំជាដើមទំពាំងបាយជូរ​ដ៏​ពិតហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំជាអ្នកថែទាំ 2មែកទាំងឡាយណា​ដែល​នៅជាប់​នឹង​ខ្ញុំ​ប៉ុន្តែ​មិនបង្កើតផលផ្លែ​នោះ​ព្រះអង្គ​ក៏​កាត់ចោលរីឯ​មែក​ទាំងឡាយណា​ដែល​បង្កើតផលផ្លែ​នោះ​ព្រះអង្គ​ក៏​លួសវាដើម្បី​ឲ្យ​បង្កើតផលកាន់តែច្រើនឡើង 3ប៉ុន្តែអ្នករាល់គ្នា​បាន​ស្អាតរួចហើយដោយសារតែពាក្យដែល​ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា 4ដូច្នេះចូរ​នៅ​ជាប់​នឹងខ្ញុំចុះនោះខ្ញុំ​ក៏​នៅជាប់អ្នករាល់គ្នា​ដែរ​ដ្បិត​គ្មានមែកណាអាចបង្កើតផលដោយខ្លួនឯងបានទេលុះត្រាតែនៅជាប់នឹងដើម​រីឯ​អ្នករាល់គ្នាក៏​ដូច្នេះ​ដែរលុះត្រាតែនៅជាប់​នឹង​ខ្ញុំ 5ព្រោះខ្ញុំជាដើមទំពាំងបាយជូរ​ឯ​អ្នករាល់គ្នា​ជា​មែកអ្នកណានៅជាប់នឹងខ្ញុំ​ហើយ​ខ្ញុំ​នៅជាប់​នឹងអ្នកនោះអ្នកនោះ​នឹង​បង្កើតផល​បាន​ច្រើនព្រោះបើដាច់​ចេញ​ពីខ្ញុំ​នោះ​អ្នករាល់គ្នា​មិន​អាច​ធ្វើអ្វីបានឡើយ 6ដូច្នេះបើអ្នកណាមិននៅជាប់នឹងខ្ញុំ​អ្នកនោះ​ប្រៀបដូចជាមែក​ដែល​ត្រូវ​កាត់​បោះចោលហើយក្រៀមស្វិតរួច​គេ​ក៏​ប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើងហើយឆេះ​អស់​ទៅ 7ប៉ុន្តែបើ​អ្នករាល់គ្នា​នៅជាប់នឹងខ្ញុំហើយពាក្យ​របស់​ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា​នោះ​ចូរ​សូមអ្វីៗតាមប្រាថ្នាចុះ​សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា 8ដ្បិតព្រះ​វរ​បិតា​របស់​ខ្ញុំ​បាន​តម្កើងឡើងដោយសារ​តែ​សេចក្ដី​នេះ​ឯង​គឺ​ឲ្យ​អ្នករាល់គ្នា​បង្កើតផល​បាន​ច្រើន​យ៉ាងនោះ​អ្នករាល់គ្នា​ជាសិស្សរបស់ខ្ញុំ​មែន។

ការ​បង្ហាញ​សេចក្ដីស្រលាញ់​ដូច​ជា​ព្រះគ្រិស្ដ

9ព្រះ​វរ​បិតា​បាន​ស្រលាញ់ខ្ញុំយ៉ាងណាខ្ញុំ​ក៏​ស្រលាញ់អ្នករាល់គ្នាយ៉ាងនោះដែរ​ដូច្នេះ​ចូរ​នៅជាប់ក្នុង​សេចក្ដី​ស្រលាញ់របស់ខ្ញុំ​ចុះ 10បើអ្នករាល់គ្នា​កាន់តាមបញ្ញត្ដិ​របស់​ខ្ញុំ​នោះ​អ្នករាល់គ្នា​នឹង​នៅជាប់ក្នុង​សេចក្ដី​ស្រលាញ់​របស់​ខ្ញុំ​ដូច​ដែលខ្ញុំ​បាន​កាន់តាមបញ្ញត្ដិ​ព្រះ​វរ​បិតា​របស់​ខ្ញុំហើយនៅជាប់ក្នុង​សេចក្ដី​ស្រលាញ់​របស់​ព្រះអង្គ​ដែរ។ 11ខ្ញុំបាន​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះហើយដើម្បី​ឲ្យ​អំណររបស់ខ្ញុំមានដល់អ្នករាល់គ្នាហើយ​ឲ្យ​អំណរ​របស់​អ្នករាល់គ្នា​បាន​ពេញបរិបូរ 12នេះជាបញ្ញត្ដិរបស់ខ្ញុំ​គឺ​ឲ្យ​អ្នករាល់គ្នា​ស្រលាញ់គ្នា​ទៅវិញ​ទៅមកដូចជា​ខ្ញុំ​ស្រលាញ់អ្នករាល់គ្នា​ដែរ 13ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្តសម្លាញ់​របស់​ខ្លួន​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំជាង​សេចក្ដីស្រលាញ់​នេះ​ទៀត​ឡើយ 14ដូច្នេះបើ​អ្នករាល់គ្នា​ធ្វើតាម​សេចក្ដី​ដែលខ្ញុំបង្គាប់អ្នករាល់គ្នា​នោះ​អ្នករាល់គ្នាជាមិត្តសម្លាញ់​របស់​ខ្ញុំ 15ខ្ញុំមិនហៅអ្នករាល់គ្នាថាបាវបម្រើទៀតទេព្រោះបាវបម្រើមិនដឹងថាចៅហ្វាយ​របស់​ខ្លួនធ្វើអ្វីឡើយផ្ទុយទៅវិញ​ខ្ញុំ​ហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ព្រោះ​ខ្ញុំ​បាន​ឲ្យអ្នករាល់គ្នាដឹង​អំពី​អ្វីៗដែល​ខ្ញុំ​បាន​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ 16ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេគឺខ្ញុំ​បាន​ជ្រើសរើសអ្នករាល់គ្នាព្រមទាំងតាំងអ្នករាល់គ្នា​ឲ្យ​ចេញ​ទៅបង្កើតផលហើយ​ឲ្យ​ផល​របស់​អ្នករាល់គ្នា​បាន​នៅស្ថិតស្ថេរដូច្នេះហើយអ្វីក៏ដោយដែល​អ្នករាល់គ្នា​សុំ​ព្រះ​វរ​បិតាដោយនូវឈ្មោះ​របស់​ខ្ញុំ​នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នាមិនខាន 17ដូច្នេះនេះ​ជា​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់អ្នករាល់គ្នាគឺ​ឲ្យ​អ្នករាល់គ្នា​ស្រលាញ់គ្នា​ទៅវិញ​ទៅមក

លោកិយ​ស្អប់​ព្រះយេស៊ូ

18បើលោកិយស្អប់អ្នករាល់គ្នា​នោះ​ចូរ​ដឹងថាមុនអ្នករាល់គ្នា​គេ​បាន​ស្អប់ខ្ញុំរួចហើយ 19បើអ្នករាល់គ្នា​ជារបស់លោកិយនោះលោកិយនឹងស្រលាញ់​អ្នករាល់គ្នា​ប៉ុន្ដែព្រោះតែខ្ញុំ​បាន​ជ្រើសរើសអ្នករាល់គ្នាចេញពីលោកិយនោះ​អ្នករាល់គ្នា​មិនមែនជា​របស់​លោកិយទៀតទេហេតុនេះហើយបានជាលោកិយស្អប់អ្នករាល់គ្នា 20ប៉ុន្តែចូរ​នឹកចាំ​ពី​ពាក្យដែលខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នាថាបាវបម្រើមិនដែលធំជាងចៅហ្វាយ​របស់​ខ្លួនទេបើ​គេ​បាន​បៀតបៀនខ្ញុំ​ទៅ​ហើយ​នោះ​គេ​មុខជា​បៀតបៀនអ្នករាល់គ្នាដែរបើ​គេ​កាន់តាមពាក្យ​របស់​ខ្ញុំ​នោះ​គេ​មុខជា​កាន់តាម​ពាក្យ​របស់​អ្នករាល់គ្នាដែរ 21ប៉ុន្តែដោយព្រោះឈ្មោះ​របស់​ខ្ញុំ​គេ​មុខជា​ធ្វើ​ការ​ទាំងនេះដាក់អ្នករាល់គ្នាព្រោះគេមិនស្គាល់​ព្រះអង្គ​ដែលចាត់ខ្ញុំឲ្យមកទេ 22បើខ្ញុំ​មិន​បាន​មកហើយប្រាប់ពួកគេ​នោះ​ពួកគេ​គ្មានបាបទេប៉ុន្តែឥឡូវនេះ​ពួកគេ​គ្មាន​សេចក្ដី​ដោះសារឲ្យរួចពីបាប​របស់​ពួកគេឡើយ 23អ្នកណាស្អប់ខ្ញុំ​អ្នកនោះ​ក៏ស្អប់​ព្រះ​វរ​បិតា​របស់​ខ្ញុំដែរ 24បើខ្ញុំ​មិន​បាន​ធ្វើកិច្ចការដែល​គ្មាន​អ្នក​ណា​ម្នាក់​ផ្សេងទៀត​ធ្លាប់​ធ្វើក្នុងចំណោមពួកគេទេ​នោះ​ពួកគេ​គ្មានបាបឡើយប៉ុន្តែឥឡូវនេះ​ពួកគេ​បាន​ឃើញហើយហើយ​ពួកគេ​ស្អប់ទាំងខ្ញុំនិង​ព្រះ​វរ​បិតា​របស់​ខ្ញុំទៀត 25នេះដើម្បី​ឲ្យ​សម្រេចតាមសេចក្ដីដែល​បាន​ចែងទុកក្នុងគម្ពីរវិន័យ​របស់​ពួកគេថា​គេ​បាន​ស្អប់ខ្ញុំ​ដោយ​គ្មានហេតុផល 26ប៉ុន្ដែនៅពេលអ្នកជំនួយ​មក​ដល់​ជាអ្នក​ដែលខ្ញុំ​នឹង​ចាត់ពី​ព្រះ​វរ​បិតាឲ្យមក​ឯ​អ្នករាល់គ្នា​គឺជា​ព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញពី​ព្រះ​វរ​បិតាមកព្រះអង្គ​នឹង​ធ្វើបន្ទាល់អំពីខ្ញុំ 27ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរព្រោះ​អ្នករាល់គ្នា​បាន​នៅជាមួយខ្ញុំតាំងពីដំបូង​មក។
Copyright information for KhmKCB